វាសនាបុប្ផាស្វាយរៀង ភ្លេងសុទ្ធ ដោយ សួស វីហ្សា

បទ វាសនាបុប្ផាស្វាយរៀង ជាស្នាដៃ បទនិពន្ធថ្មី និងរៀបរៀងទំនុកច្រៀងដោយ ឯកឧត្តម ហ៊ុន ហេង ព្រមទាំង មានការគាំទ្រសម្រួលតន្រ្តីដោយ លោក ញូង សារិន ដែលបានថតជាបទចម្រៀងដ៏ពីរោះ ដោយទឹកដម សំនៀង កញ្ញា សួស វីហ្សា និងជាកម្មសិទ្ធ របស់ផលិតកម្ម ហង្សមាស/រស្មីហង្សមាស ថតក្នុងអាល់ប៊ុម CD Vol ៥២៣ និង អាល់ប៊ុម VCD ២១៤ ។

ចំណើងជើងបទចំរៀង វាសនាបុប្ផាស្វាយរៀង (មានខ្លះក៏ប្រើ វាសនាបុផ្ផាស្វាយរៀង ក្នុងការស្វែងរកនៅលើ បណ្តាញសង្គម ដូចជា FaceBook, YouTube) បានចាប់ផ្តើមចេញលក់ នៅដើម ខែ មេសា ឆ្នាំ 2015 បើគិតមកទល់ពេលនេះ មានអាយុកាល ជាងបីឆ្នាំ ហើយក៏បានទទួលការគាំទ្រ ខ្លាំងគួសមពីសំណាក់ អ្នកស្តាប់ និង ទស្សនា និង អ្នកដែលចូលចិត្តច្រៀងកំសាន្ត ខារ៉ាអូខេ ជាពិសេស ស្រទាប់យុវវ័យយើង ដែលជានារី។

សូមអានបន្តទៅខាងក្រោម ចំពោះការរៀបរាប់ខ្លះៗ អំពីបទចម្រៀង នងិ ស្តាប់សំនៀងដើម បទ វាសនាបុប្ផាស្វាយរៀង របស់កញ្ញា សួស វីសា  ។ ឯវីដេអូបន្ទាប់នេះ ជាបទភ្លេងខារ៉អូខេ ដែលបានរៀបចំឡើង ដោយឆានែលយូធូប កុលាបស បទ វាសនាបុប្ផាស្វាយរៀង រួមជាមួយនិងទំនុកច្រៀងផងដែរ ។

បទចម្រៀងដែលអមដោយទេសភាព និងទីតាំងភូមិសាស្រ្ត

ចំពោះការកើនឡើង នូវប្រជាប្រិយភាព របស់ ប ទ « វាសនា បុប្ផា ស្វាយរៀង » នេះដែរ ក៏បានបញ្ជាក់ពី ទឹកចិត្តស្រលាញ់ និង មនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃ ជនជាតិ ខ្មែរ ដែលនៅតែចូលចិត្ត ចំពោះបទចំរៀង ដែល រៀបរាប់ ពី ទីតាំង ភូមិសាស្ត្រ ធម្មជាតិ ព្រៃភ្នំ ទឺកជ្រោះ ជ្រលងដងអូរ លាយឡំ កំណាព្្យចុងជួន ដែលបង្កប់នូវអត្ថន័យ ដែលតាក់តែងឡើងដោយកវីនិពន្ធ ដែលស្តាប់ទៅមិនចេះនឿយណាយ ស្តាប់យូរទៅកាន់តែពីរោះទៅ ស្តាប់ហើយចង់ស្តាប់ទៀត ។

យើងសង្កេតឃើញថា ការតែងនិពន្ធថ្មីៗ ចំពោះបទ ញាក់ បទ ហ៊ី ប ហប ហាក់ដូចជាមានការគាំទ្រយ៉ាងគំហុុក ពីសំណាក់យុវវ័យ ប៉ុន្តែ អាយុកាល នៃ ការគាំទ្រមិន មាន រយៈពេល យូរទេ វាហាក់ដូចជាកំដរបរិយាកាសមួយពេលតែប៉ុណ្ណោះ ដូចជាបទ រាំញីកែងជើង និង រាំអញ្ចេក ជាដើម ។

ចំណែកបទមនោសញ្ចេតនា ដែលរៀបរាប់ កំដរដោយទេសភាព និង អមដោយទីតាំងភូមិសាស្រ្ត ដែលភាគច្រើន ទទួលការពេញនិយមដោយមនុស្សចាស់ រឺអ្នកដែលមានវ័យខ្ទង់អាយុ 30ឆ្នាំឡើងទៅ គឺមានអាយុកាល យូរអង្វែង និងមានប្រជាប្រិយភាពកើនឡើងជាលំដាប់ ដូចជាបទដែលតែងឡើងដោយកវីនិពន្ធ ឆ្នើម លោក គង្គ ប៊ុន ឈឿន លោក ពៅ ស៊ី ផូ ឬ លោក ម៉ា ឡា ពី ។ល។ សុទ្ធតែបានទទួល ការគាំទ្រស្តាប់រហូតមកដល់សព្វថ្ងៃ ។

ក្នុងនោះដែរយើងឃើំញ ឯកឧត្តម ហ៊ុន ហេង ក៏ជាកវីនិពន្ធម្នាក់ដែលបានលេចធ្លោ និង បានទទួលការគាំទ្រ នាសម័យបច្ចុប្បន្ននេះ ចំពោះការតែងនិពន្ធ បទចំរៀដែល អមដោយទេសភាព ទីតាំងភូមិសាស្រ្ត លាយឡំនិងមនោសញ្ចតនា ដ៏មានអត្តន័យ ។ ស្នាដៃរបស់លោក មានជាច្រើនដែលកំពុង តែពេញនិយមពីសំណាក់អ្នកស្តាប់ មានដូចជា បទ សំរស់បុប្ផាកំពង់ធំ បទកោះឧកញ៉ាតីមុនពេលថ្ងៃលិច បទ  (ច្រៀងដោយលោក ណយ វ៉ាន់ណេត) ជាដើម។

ទំនុកច្រៀងទាំងស្រុង របស់បទ វាសនាបុប្ផាស្វាយរៀង

(អ្នកក៏អាចដូនឡូត ទំនុកច្រៀង ជាឯកសារ TXT សំរាប់ ការធ្វើ Lyrics នៅទីនេះ => វាសនាបុប្ផាស្វាយរៀងTXT)

1- ទន្លេវ៉ៃកូ ជំនោរស្វាយរៀង នាងខ្ញុំសូមផ្ញើរសូរ្យសៀង តាមបទចំរៀងសំនៀងដួងចិត្ត ឱ -គយត្របែក អនេកអាណិត វាសនាសង្សារបានចិត្ត បេះដូងក្រៀមស្វិត ឥតន័យខ្លឹមសារ

2- ឱ! វត្តព្រៃឆ្លាក់ អ្នកជាកស្សិណ ជួបបងតាំងពីភ្ជុំបិណ្ឌ រង់ចាំកឋិន មាសឆ្អិនសន្យា បុប្ផាវាលយន្ត ចាញ់មន្តស្នេហា និស្សិតកំរិតបរិញ្ញា ឡកឡើយផ្លែផ្កា អោយអូនលង់ស្នេហ៍

R- បងអុំទូក-ង អូនឈររាដៃ រសៀលសុរិយាល្ងាចថ្ងៃ មើលភក្រ្ត័ប្រុសថ្លៃ វិស័យដួងខែ ទន្លេវ៉ៃកូ ជំនោរថ្នមស្នេហ៍ រាត្រីក្រោមពន្លឺខែ ជិះទូកលំហែ ពីរនាក់រៀមរ៉ា

3- វាសនារំដួល ប្រែប្រួលមិនទៀង អនិច្ចាបុប្ផាស្វាយរៀង ជួនរាំងជួនភ្លៀង ច្រៀងរឿងប្រេះឆា អូនទៅបាវិត បងឥតមេត្តា សូមផ្តាច់ចំណងស្នេហា ខិតខំធ្វើការ យកប្រាក់ជូនម៉ែ

វីដេអូបន្ទាប់នេះ គឺជាវីដេអូដែល ជាសំនៀងដើម របស់កញ្ញា សួស វីហ្សា ដែលបានច្រៀង យ៉ាងរណ្តំ សូមរីករាយស្តាប់កម្សាន្តទាំងអស់គ្នា ។ ប្រភពវីដេអូពី ហ្វេសបុក ផលិតកម្ម ហង្សមាស/រស្មីហង្សមាស

ជាចុងក្រោយយើងខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ បងប្អូនខ្មែរទាំងអស់ ដែលបាន មកដល់ ទំពរ័ កូលាប-ស យើងខ្ញុំ និង សូមអភ័យទោសចំពោះ កំហុសឆ្គងដែលកើតឡើងដោយ អចេតនា ដូចជាការរៀបរាប់ និង កំហុសឆ្គងចំពោះ អក្ខរាវីរុទ្ធ ។ ប្រសិនបើលោកអ្នក មានមតិឬយោបល់ យ៉ាងណា យើងខ្ញុំ រីករាយនិងរង់ចាំជានិច្ច ចំពោះមតិរិះគន់ ទាំងឡាយក្នុងន័យស្ថាបនា ពីសំណាក់បងប្អូនខ្មែរទាំងអស់ តាមរយៈខមមិន នៅខាងក្រោមអត្ថបទ ឬក៏ផ្ញើរជាមកយើងខ្ញុំ ។

សូមជូនពរអោយ លោកអ្នក ជួបប្រទះ នូវសេចក្តីសុខ ចំរើនរុងរឿង មានជ័យជំនះលើគ្រប់ភារកិច្ច និង សមសំរេចដូចសេចក្តីប៉ងប្រាថ្នា ។ កូលាប-ស